ភ្នំពេញ ៖ បុរសម្នាក់ហេតុតែជីវភាព ម្យ៉ាងប្រពន្ធកូនខ្ចីទើបបាន១ខែជាង ឆ្លៀតដើររកម្ហូប ដោយជិះម៉ូតូដើរបង់សំណាញ់ ជាអកុសលបើកបុករថយន្តកូរ៉េដឹកអុីវ៉ាន់ពីក្រោយបណ្តាលអោយ ស្លាប់យ៉ាងអាណោចអធ័ម ចោលប្រពន្ធ និងកូនតូចទើបបាន១ខែ រីឯរថយន្តបានបើកគេចខ្លួនទៅបាត់ស្រមោល ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរខាងលើ កើតឡើងកាលពីវេលាម៉ោង២និង៥៥នាទីរសៀល ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅតាមមហាវិថីឈ្នះ ឈ្នះ មុខរោងចក្រចំណីសត្វ ចំណុចភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ជនរងគ្រោះស្លាប់ក្នុងករណីខាងលើ មានឈ្មោះ ចាន់ វ៉ាន់ទី ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ កសិករ មានប្រពន្ធឈ្មោះ ចាន់ សេង អាយុ២០ឆ្នាំ មុខរបរ កសិករ មានកូនប្រុស ១នាក់អាយុទើបបាន១ខែ រស់នៅភូមិត្រពាំងសុភី ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។
ប្រភពពីប្រជាពលរដ្ឋឃើញហេតុការណ៍ បានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ ជិះម៉ូតូ ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរី២០១៤ ពាក់ស្លាកលេខ កំពត 1H-7714 មានថង់ មានសំណាញ់ បើកលឿនតាមបណ្តោយមហាវិថីឈ្នះ ឈ្នះ ពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុ ហ្វ្រាំងមិនទាន់ក៏ជ្រុលបុកពីក្រោយ រថយន្តកូរ៉េ ចំណុះ២,៥តោន ដឹកអុីវ៉ាន់ បើកស្របទិស ហើយកំពុងបត់ឆ្វេងត្រឡប់ក្រោយ បណ្តាលឲ្យជនរងគ្រោះរងរបួសបែកលើផ្ទៃមុខ បាក់កស្លាប់ភ្លាមៗនៅកន្លែង ចំណែករថយន្តវិញ មិនបានឈប់ឡើយ ក្រោយកើតហេតុ បានបន្ថែមល្បឿនបើកឆ្ពោះទៅទិសខាងត្បូងបាត់ស្រមោល បន្សល់ទុកតែដែកកាងក្រោយដាច់ធ្លាក់ ជាមួយសពជនរងគ្រោះ ម៉ូតូរងខូចខាតខ្ទេចមួយកំណាត់ខាងមុខ ។
តាមការរៀបរាប់ពីក្រុមគ្រួសារតាមរយៈទូរស័ព្ទ បានឲ្យដឹងថា ជនរងគ្រោះស្របពេលដែលប្រពន្ធកូនខ្ចី ទើបបាន១ខែ ដើម្បីជីវភាព ឆ្លៀតពេលដើររកត្រី ហើយបន្ទាប់ពីហូបបាយថ្ងៃត្រង់ហើយ ជនរងគ្រោះជិះម៉ូតូដាក់សំណាញ់ ចេញទៅរកបង់ត្រី ស្រាប់តែដល់វេលារសៀល សមត្ថកិច្ចទូរស័ព្ទប្រាប់ថាជនរងគ្រោះ ជួបគ្រោះថ្នាក់ចរាចរណ៍ ស្លាប់ ទៅវិញ ។បច្ចុប្បន្នសពជនរងគ្រោះ ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅពិនិត្យ នឹងធ្វើកំណត់ហេតុ ហើយទំនាក់ទំនងទៅក្រុមគ្រួសារ ដើម្បីចាត់ចែងដឹកសពយកទៅធ្វើបុណ្យតាមប្រពៃណី ៕






