ភ្នំពេញ: កាលពី ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ សាកសពបុរសម្នាក់ត្រូវបានអ្នកដំណើរប្រទះឃើញស្លាប់ នៅក្នុងទឹកស្រែដាំឈូកមួយកន្លែងស្ថិតនៅតាមផ្លូវបេតុង ភូមិស្នោរខាងកើត សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បង្កឲ្យមានការភ្ញាក់ផ្អើល ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុមានអ្នកដំណើរឆ្លងកាត់ទីនោះ ហើយបានប្រទះឃើញបុរសនោះដេកស្លាប់នៅក្នុងទឹកស្រែដាំឈូកនេះ ក៏ស្រែកប្រាប់គេឯងបង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹក បន្ទាប់មករាយការណ៍ប្រាប់នគរបាលប៉ុស្តិ៍ស្នោរ និងនគរបាលខណ្ឌកំបូលឲ្យចុះទៅមើល និងរាយការណ៍បន្តទៅកាន់នគរបាលការិយាល័យបច្ចេកទេសវិទ្យាសាស្រ្ត នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចុះទៅធ្វើកោសល្យវិច័យ ។ប្រភពពីស្រ្តីជាប្រពន្ធបាននិយាយថា ប្ដីរបស់គាត់ដែលស្លាប់នោះឈ្មោះ ព្រុំ សុផន អាយុ ៥១ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើតនៅភូមិពង្រ ឃុំសន្ទៃ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មុនពេលស្លាប់ប្ដីគាត់បានធ្វើការនៅឯសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ប៉ុន្តែមេជាងហៅឲ្យមកជួយរុះរើផ្ទះមួយកន្លែងនៅជិតកន្លែងកើតហេតុ និងទើបមកបាន២ថ្ងៃប៉ុណ្ណោះ ពេលនោះ រូបគាត់មិនបានមកជាមួយប្ដីនោះទេ គឺប្ដីមកម្នាក់ឯងហើយគាត់ពុំបានដឹងថា ប្ដីមានរឿងអីទើបបានជាស្លាប់ក្នុងទឹកទៅវិញ ហើយក៏មិននឹកស្មានថា មានរឿងអកុសលបែបនេះកើតឡើងឡើយ រហូតដល់វេលាព្រឹកថ្ងៃទី២៨ ខែធ្នូ នេះ ទើបមានគេខលប្រាប់ថា ប្ដីគាត់បានស្លាប់បាត់ទៅហើយ គាត់ក៏ប្រញាប់ប្រញាល់ធ្វើដំណើរទៅមើលឃើញថាប្ដីស្លាប់មែន ។ក្រោយពេលកើតហេតុសមត្ថកិច្ចធ្វើកំណត់ហេតុ និងកុសលបច្ច័យរួចរាល់ បានប្រគល់សពជូនក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕




