ភ្នំពេញ៖ បុរសម្នាក់ សង្ស័យស្រវឹងបើករថយន្តទៅបុក ផាស្អេបមួយគ្រឿងក្រឡាប់ផ្ងារជើង បណ្ដាលឱ្យអ្នកបើកបររងរបួសធ្ងន់ កាលពី យប់ ថ្ងៃទី១៦ខែមករា ឆ្នាំ២០២៣ នៅត្រង់ចំណុច ខាងមុខផ្សារទំនើបអុីអនទី៣ មានជ័យ ស្ថិតតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកេីតហេតុគេឃេីញបុរសម្នាក់បេីកបរឡំប្រឺតា(ម៉ូតូកង់បីឥណ្ឌា)មួយគ្រឿង ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ1HY-3937 ធ្វើដំណេីរតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ក្នុងទិសដៅពីជេីងទៅត្បូង ខណៈបើកមកដល់ចំណុចកេីតហេតុក៏ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក RANGE ROVER ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ2AW-8989 បេីកបរដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹង មកពីក្រោយស្របទិសជាមួយឡំប្រឺតាយ៉ាងលឿន រួចក៏បានជ្រុលទៅបុកឡំប្រឺតាពីក្រោយពេញទំហឹងបណ្តាលឱ្យឡំប្រឺតាក្រឡាប់ផ្ងារជេីងម្ខាងរងការខូចខាតនិងអ្នកបេីកបរឡំប្រឺតារងរបួសបាក់ឆ្អឹងដងកាំបិតនិងរលាត់ដៃរលាត់ជេីង រីឯរថយន្តបង្ក បានរងការខូចខាតបែកកាងខាងមុខចំហៀងខាងឆ្វេង ។ក្រោយកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍បានចុះមកដល់ត្រួតពិនិត្យ និងធ្វេីការវាស់វែងយករថយន្តបង្ករ រួមទាំងផាស្អេប ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យដេីម្បីរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ ៕






