ខេត្តបន្ទាយមានជ័យ÷គោរាប់សិបក្បាលដែលដឹកចេញពីក្នុងព្រៃ មួយកន្លែងតាមច្រកព្រំដែនកម្ពុជា ថៃ សង្ស័យគេចពន្ធ និងមិនមានការត្រួតពិនិត្យត្រឹមត្រូវ ដែលធ្វើសកម្មភាព ដឹក និងចេញពីក្នុងព្រៃ ឆ្លងដែនចូលមកប្រទេសកម្ពុជា តាមច្រកអូរបីជាន់ ស្ថិតនៅក្នុងភូមិថ្នល់បត់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា គោដែលដឹកចេញពីក្នុងព្រៃ តាមច្រកអូរ៣ជាន់ មកស្តុបទុកក្នុងក្រោល របស់ពួកគាត់ ដើម្បីចែកចាយលក់បន្ត ទៅតាមបណ្ដារាជធានីខេត្ត ផ្សេងៗ មិនឃើញមានជំនាញពាក់ព័ន្ធ ពិសេសគឺពេទ្យសត្វ ចុះមកធ្វើការត្រួតពិនិត្យ លើសត្វគោទាំងនេះនោះទេ ខណៈដែលគោខ្លះយកមកពីប្រទេសឥណ្ឌា និងខ្លះទៀតមកពីប្រទេសថៃ តែបើមិនមានការត្រួតពិនិត្យត្រឹមត្រូវទេនោះ វាអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាជនកម្ពុជា ប្រឈមនឹងជំងឺផ្សេងៗថែមទៀតផង ឬក៏សមត្ថកិច្ច និងក្រសួងពាក់ព័ន្ធ មានការឃុបឃិត ត្រូវរ៉ូវគ្នា ឬមួយយ៉ាងណា ទើបបានជាទុកឱ្យក្រុមឈ្មួញទាំងនេះ ដឹកគោឆ្លងដែនពេញព្រៃ និងតាមដងផ្លូវ យ៉ាងអាណាធិបតេយ្យ បានដោយគ្មានអ្នកអើពើ ។ប្រភពដដែល បានបន្តថា ថៅកែគោដ៏មានឥទ្ធិពលនៅក្នុងភូមិថ្នល់បត់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានគៀងគរប្រជាពលរដ្ឋ ឲ្យដឹកគោចេញពីក្នុងព្រៃ រាប់រយក្បាលក្នុងមួយថ្ងៃៗ នេះ រយះពេល៣ ទៅ៤ឆ្នាំមកហើយ សូម្បីតែ ឈ្មោះ ថៅកែដែលមានឥទ្ធិពលរូបនោះ ជាអ្នកណា ហើយឈ្មោះអ្វី ក៏មូលដ្ឋានមិនដែលស្គាល់ផង ។ជាក់ស្ដែងនៅវេលាម៉ោង ៦ព្រឹក ថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២៣ អង្គភាពសារព័ត៌មានយើង បានចុះដល់ទីកន្លែង ដោយផ្ទាល់ ដើម្បីផ្ដិតយករូបភាព នឹងធ្វើការផ្សព្វផ្សាយ ជូនថ្នាក់ដឹកនាំ និងស្ថាប័នពាក់ព័ន្ធ ឱ្យបានជ្រាបជាព័ត៌មាន ថាការដឹកជញ្ជូនគោចេញពីក្នុងព្រៃ មានការត្រួតពិនិត្យត្រឹមត្រូវ និងបង់ពន្ធចូលរដ្ឋដែរឬយ៉ាងណា ?សម្រាប់ប្រជាពលរដ្ឋ ពួកគាត់ជួលក្រោលគោនិមួយៗ ឲ្យទៅឈ្មួញសម្រាប់ ស្តុបគោ គ្រាន់បានកម្រៃខ្លះ គឺក្នុងតម្លៃ ១០មុឺនរៀល ទៅ ១៥ ម៉ឺនរៀល ក្នុងមួយថ្ងៃ ឬ២ថ្ងៃ ទាំងការមើលថែ ដាក់ទឹក បន្ទាប់មកទើបឈ្មួញយករថយន្តធំៗដឹកជញ្ជូនចេញទៅលក់បន្តរ ។ជុំវិញករណីខាងលើមហាជន និងអង្គការសង្គមស៊ីវិល រង់ចាំមើល លោកអ៊ុំ រាត្រី អភិបាលនៃគណៈភិបាលខេត្តបន្ទាយមានជ័យ និងមានចំណាត់ការបែបណា លើក្រុមឈ្មួញដឹកគោដ៏មានឥទ្ធិពល នៅច្រកអូរ៣ជាន់ ស្រុកអូរជ្រៅ ដែលធ្វើសកម្មភាពដឹកគោ ចេញពីក្នុងព្រៃយ៉ាងគគ្រឹកគគ្រេងខាងលើនេះដែរឬយ៉ាងណា ៕ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើ អង្គភាពសារព័ត៌មាន អឹម អិន អេសភី យើង រង់ចាំការបកស្រាយ បំភ្លឺ ពីរភាគី និងស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការតាមរបបសារព័ត៌មាន ។









