ខេត្តបន្ទាយមានជ័យ ៖ បន្ទាប់ពីមានការស្រាវជ្រាវ និងបានជួបជាមួយម្តាយបង្កើតរបស់នាង កាលពីថ្ងៃទី២១ ឧសភា ២០២៣ ហើយពេលនេះ ត្រូវបានមន្ត្រីនគរបាលបញ្ជាក់ថា «បុរសដែលចាប់នាងនោះគឺមានរឿងទំនាក់ទំនងស្នេហា » ។
ក្រោយពីទទួលដំណឹង មន្ត្រីនគរបាលស្រុកមង្គលបូរី កាលពីថ្ងៃទី១៩ ឧសភា ឆ្នាំ២០២៣ មានអាក់ខោនហ្វេសបុកឈ្មោះ Maly Kubota បានបង្ហោះរូបភាពស្ត្រីម្នាក់ដែលមានមុខរបរជាអ្នកលក់ក្រឡាននៅតាមបណ្តាយផ្លូវជាតិ៦ មុខសាលាឃុំបន្ទាយនាង ស្ថិតភូមិបន្ទាយនាង ឃុំបន្ទាយនាង ស្រុកមង្គលបូរី ដែលមានជនក្រុមបើករថយន្តម៉ាកឡិចស៊ីសមួយគ្រឿង និងហាយឡែនឌ័រមួយគ្រឿង បានចាប់ស្ត្រីរូបនោះដាក់ក្នុងរថយន្ត ហើយបើកចេញទៅទិសខាងប៉ោយប៉ែត សុំឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ស្រាវជ្រាវចាប់ខ្លួន ។មន្ត្រីនគរបាលស្រុកមង្គលបូរីបានបញ្ជាក់ទៀតថា ជាការណែនាំពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអោយកម្លាំងជំនាញ និងស្រុកចុះស្រាវជ្រាវ និងជួបជាមួយស្ត្រីឈ្មោះ ឆប គឹមឡាន ត្រូវជាម្តាយបានប្រាប់ថា រយៈពេលកន្លងមក កូនស្រីដែលត្រូវគេចាប់យកទៅនោះ គឺមានការទំនាក់ទំនងស្នេហាជាមួយបុរសម្នាក់ក្រុងប៉ោយប៉ែត ។ម្តាយបន្តថា ប៉ុន្តែកូនស្រីគាត់សុំដកខ្លួនវិញ ដោយដឹងថា ខាងប្រុសមានប្រពន្ធនិងកូនហើយ ហើយនាងបានសម្រេចចិត្តយកប្តីមានកូនម្នាក់ រស់នៅជាមួយគ្នាដែរ ។ស្ត្រីជាម្តាយបញ្ជាក់ថា រយៈពេលថ្មីនេះ ស្រាប់តែបុរសម្នាក់ដែលធ្លាប់ទំនាក់ទំនងស្នេហាជាមួយកូនស្រីបានសុំជួបគ្នាវិញ ហើយមកជួបម្តងទៅ២ដង ហើយដោយគេនិយាយថា គេបានលែងលះគ្រួសារគេហើយសុំជួបគ្នាវិញ តែកូនស្រីបានបដិសេធថា នាងមានប្តីនិងកូនម្នាក់ហើយមិនអាចទៅរួចទេ ហើយត្រូវបានបុរសនោះ និងបក្សពួក ជិះរថយន្ត២គ្រឿង (ឡិចស៊ីស និងហាយឡិនឌ័រ) ចាប់នាងដាក់រថយន្តបើកចេញទៅទិសខាងប៉ោយប៉ែតបាត់ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចមុខសាលាឃុំបន្ទាយនាងស្ថិតភូមិបន្ទាយនាង ឃុំបន្ទាយនាង ស្រុកមង្គលបូរី។ក្រោយចាប់យកទៅ ក៏ត្រូវបានប្តី និងសាច់ញាតិបង្ហោះតាមបណ្តាញសង្គម ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ស្រាវជ្រាវរកកូនស្រីនិងជននោះមកផ្តន្ទាទោសតាមច្បាប់ ៕






