ក្រចេះ៖ ឃាត់ខ្លួនជនសង្ស័យ ចំនួន ៥នាក់ (ស្រី២នាក់) ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចផ្ទះរបស់ឈ្មោះ ហាត ផានិត ភេទប្រុស អាយុ១៩ឆ្នាំ ស្ថិតនៅភូមិអូរឫស្សី២ សង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ កាលពីល្ងាចថ្ងៃទី២៧ ខែ កក្កដា ឆ្នាំ២០២៣ នេះ។
ជនសង្ស័យទាំង ៥ នាក់ រួមមាន៖ ១. ឈ្មោះ ហាត ផានិត ភេទប្រុស, ២. ឈ្មោះ វឿន សុខវី ភេទប្រុស អ្នកទាំង២ មានអាយុ ១៩ឆ្នាំ មុខរបរ មិនពិតប្រាកដ ដូចគ្នាមានទីលំនៅភូមិអូរឫស្សី២ សង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ ជាមួយគ្នា ។ ៣. ឈ្មោះ សន សាមុត (ហៅជាំង) ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅភូមិស្រែស្តៅ សង្កាត់អូរឫស្សី ក្រុងក្រចេះ, ៤.ឈ្មោះ លី ស្រីហួង ភេទស្រី អាយុ១៥ឆ្នាំ មានទីលំនៅឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ និង៥.ឈ្មោះ រី លីនាង ភេទស្រី អាយុ ១៦ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅភូមិព្រែកចំឡាក់ ឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ ។ក្នុងប្រតិបត្តការបង្រ្គាបករណីនេះ កម្លាំងនគរបាល ចាប់យកវត្ថុតាង និងសម្ភារៈ រួមមាន ម្សៅក្រាមពណ៌សសង្ស័យជាគ្រឿងញៀន ចំនួន ៤កញ្ចប់តូច ទុយោសម្រាប់ចូក រំលែកគ្រឿងញៀន ១ ឧបករណ៍សម្រាប់ជក់គ្រឿងញៀន មួយចំនួន ទូរស័ព្ទដៃ ១គ្រឿង។តាមចម្លើយសារភាពរបស់ឈ្មោះ សន សាមុត (ហៅជាំង) នៅល្ងាចថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ នេះ កម្លាំងនគរបាល ក្រុងក្រចេះ បន្តឃាត់ខ្លួនជនសង្ស័យចំនួន ១នាក់ បន្ថែមទៀត នៅចំណុចផ្លូវលំ ស្ថិតនៅភូមិស្រែស្តៅ សង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ ។ជនសង្ស័យម្នាក់នោះ ឈ្មោះ ស៊ុន ដាឡែន ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ ឃុំ ខាងលើ ដោយចាប់យកសម្ភារ និង វត្ថុតាង រួមមាន ម្សៅក្រាមពណ៌ស សង្ស័យជា គ្រឿងញៀន ចំនួន ១៣ កញ្ចប់ (២កញ្ចប់ធំ ,១១កញ្ចប់តូច ) ទុយោសម្រាប់ចូករំលែក គ្រឿងញៀន១ ថង់សម្រាប់ច្រករំលែកគ្រឿងញៀនមួយចំនួន ឧបករណ៍សម្រាប់ជក់គ្រឿង ញៀនមួយចំនួន ទូរស័ព្ទដៃ ១ គ្រឿង។បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានឃាត់ និងរក្សាទុកជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាល ក្រុងក្រចេះ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់ការិយាល័យ ជំនាញខេត្ត ដើម្បីចាត់ការ តាមនីតិច្បាប់បន្ត៕





