បន្ទាយមានជ័យ៖ រយះពេល៦ខែទៅហើយ ដែលកម្មករសំណង់ទាំងប្រុស ទាំស្រី សាងសង់អគារស្នាក់ការច្រកទ្វារអន្តរជាតិស្ទឹងបត់ ស្ថិតនៅក្នុងសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រួចជាស្ថាពរ ហើយរង់ចាំក្រុមហ៊ុនម៉ៅការ ឈ្មោះ“តាន់ គីមអេង(TKE)” បើកឈ្នួលពលកម្ម ឲ្យដោយសារក្រុមហ៊ុនខាងលើនេះ យកលេសរហូតធ្វើឲ្យការរង់ចាំនោះកាន់តែយូរទៅៗ សឹងនិងរកប្រាក់ទិញអីហូបពុំបាននោះ ទើបនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ ពួកគាត់រួមនឹងអ្នកម៉ៅការបន្តពីក្រុមហ៊ុន បានសម្រេចប្រមូលផ្ដុំគ្នាតវ៉ានៅមុខការិយាល័យក្រុមហ៊ុន បម្រុងធ្វើបាតុកម្ម ដើម្បីឲ្យអាជ្ញាធរ ជួយរកដំណោះស្រាយ។
កម្មករសំណង់បានលើកឡើងស្រដៀងៗគ្នាថា ពួកខ្លួនសុទ្ធតែអ្នកដែលខ្វះខាតក្នុងជីវភាព បានជាមកធ្វើការងារសំណង់ទាំងលំបាកលំបិន ក្តៅ ហត់នឿយ ដើម្បីបានប្រាក់ចិញ្ចឹមជីវិត និងបង់ឱ្យអង្គការឬធនាគារ ប៉ុន្តែនៅពេលធ្វើចប់សព្វគ្រប់ បែរជាមិនបើកប្រាក់ឈ្នួលពលកម្ម ឲ្យហើយ ថែមទាំងគម្រាមឱ្យសមត្ថកិច្ចចាប់ខ្លួន និងបណ្ដេញចេញពីកន្លែងការដ្ឋានដែលពួកខ្លួនកំពុងស្នាក់នៅ រងចាំក្រុមហ៊ុនបើកលុយឱ្យថែមទៀត ជាហេតុធ្វើឲ្យពួកខ្លួនកាន់តែលំបាក សឹងរកអីហូបពុំបានពេលខ្លះឲ្យក្រុមគ្រួសារផ្ញើប្រាក់ ឬគ្រឿងឧបភោគបរិភោគឲ្យហូប ខ្លះទៀតទៅរាវខ្យង ក្តាម តាមស្រះនិងស្រែថែមទៀតផង។ពួកគាត់បញ្ជាក់ថា ពួកខ្លួនសិទ្ធសឹងតែមកពីបណ្ដាខេត្តផ្សេងៗគ្នា ខ្លះនៅកំពង់ចាម ព្រៃវែង ភ្នំពេញជាដើម មកធ្វើការសំណង់នៅចំណុចខាងលើ នៅពេលបុណ្យភ្ជុំបិណ្ឌ ស្នើសុំបើកប្រាក់ពីក្រុមហ៊ុន ដើម្បីទៅលេងស្រុក តែបើកបានក្នុងម្នាក់ត្រឹមតែ១០ ទៅ ១៥ម៉ឺនរៀលតែប៉ុណ្ណោះ តើឱ្យពួកគាត់ទៅយ៉ាងម្ដេចកើត ។ពួកគាត់បញ្ជាក់ថា ក្រុមហ៊ុន នូវខ្វះឬចំពាក់ប្រាក់ពួកគាត់ក្នុងម្នាក់ចាប់ពីជាង ១លាន ដល់ ២លានរៀល ចំណែកមេការ និងអ្នកម៉ៅការពីក្រុមហ៊ុន ចាប់ពីជាង១ម៉ឺនដុល្លា ដល់១០ម៉ឺនដុល្លា។អ្នកម៉ៅការបន្តពីក្រុមហ៊ុនខាងលើបានឱ្យដឹងដែរថា ដោយសារក្រុមហ៊ុនបើកប្រាក់ខែឲ្យម្តងបន្តិចៗ ដោយផ្ទុយពីកិច្ចសន្យា យកមកចែកគ្នាពិបាកនោះ ទើបខ្លួនសម្រេចចិត្តយកឡាន ម៉ូតូទៅលក់ និងប្លង់ដីស្រែ ចំការទៅបញ្ចាំ ដើម្បីបានប្រាក់មកបើកឱ្យកម្មករដែលខ្លួនគ្រប់គ្រងឲ្យរួចមួយគ្រាសិន និងដោះស្រាយសម្ភារៈផ្សេងៗ តែដោយសារការយកលេសពន្យាលរបស់ក្រុមហ៊ុនកាន់តែយូរទៅៗ នឹងអស់លុយពីខ្លួនផងនោះទើបនាំគ្នាធ្វើការតវ៉ាតែម្ដង។ក្រោយពីទទួលបានព័ត៌មានខាងលើនេះ ម្ចាស់ក្រុមហ៊ុន តាន់ គីមអេង(KTE) បានចុះមកធ្វើការសម្របសម្រួលជាមួយនឹងកម្មករ ដោយសុំការយោគយល់អធ្យាស្រ័យ សូមទុកពេលឲ្យក្រុមហ៊ុនរយៈពេលជាង ១ខែទៅ ២ខែទៀត។តែទោះយ៉ាងនេះក្តីខាងកម្មករមិនយល់ព្រមដោយសារការសន្យារបស់ក្រុមហ៊ុននោះច្រើនលើកច្រើនសារមកហើយ ធ្វើឲ្យពួកគាត់អស់ជំនឿទុកចិត្ត ទើបពួកគាត់សម្រេចចិត្តបន្តនីតិវិធីដោយធ្វើលិខិតស្នើសុំទៅអាជ្ញាធរមូលដ្ឋាន ដើម្បីធ្វើបាតុកម្មទាមទាររកធម៌ នាពេលខាងមុខនេះ៕










