អន្តរជាតិ÷ជនជាតិថៃជាង២០០នាក់ ដែលជាប់ក្នុងការប្រយុទ្ធគ្នានៅមីយ៉ាន់ម៉ាខាងជើងរវាងកងកម្លាំងរដ្ឋាភិបាលនិងក្រុមឧទ្ទាមជនជាតិកំពុងត្រូវបានជម្លៀសទៅថៃកាត់តាមប្រទេសចិន នេះបើតាមក្រសួងការបរទេសថៃបាននិយាយកាលពីថ្ងៃអាទិត្យ។
យោធាមីយ៉ាន់ម៉ា កំពុងបាត់បង់ការគ្រប់គ្រងបណ្តាទីប្រជុំជននិងទីតាំងយោធាជាច្រើននៅទូទាំងប្រទេស ជាពិសេសប៉ែកខាងជើងប្រទេសក្បែរព្រំដែនចិនចំពេលមានការវាយប្រហារដោយមានកិច្ចសហការគ្នាក្នុងចំណោមក្រុមឧទ្ទាមជនជាតិជាច្រើន រួមជាមួយកងកម្លាំងប្រដាប់អាវុធរបស់រដ្ឋាភិបាលស្រមោលមួយផង។
ក្រសួងការបរទេសថៃបាននិយាយថា ជនជាតិថៃ២៦៦នាក់ និងជនជាតិហ្វីលីពីនព្រមទាំងសិង្ហបុរីក្នុងចំនួនមិនជាក់លាក់ កំពុងត្រូវបានជម្លៀសចេញពីទីប្រជុំជនឡោកខេង(Laukkaing)នៅក្នុងរដ្ឋសានភាគខាងជើងទៅកាន់ព្រំដែនចិន-មីយ៉ាន់ម៉ា ដោយមានជំនួយពីអាជ្ញាធរមីយ៉ាន់ម៉ា។ក្រុមនេះនឹងត្រូវអនុញ្ញាតអោយចូលចិន និងបន្ទាប់ទៅនឹងជិះយន្តហោះចេញពីទីក្រុងគុនមិញ តាមយន្តហោះឈ្នួលពីរមកកាន់ទីក្រុងបាងកក ។
អាជ្ញាធរមុននេះបាននិយាយថា អ្នកជាប់នៅមីយ៉ាន់ម៉ា ជាជនរងគ្រោះនៃការជួញដូរមនុស្ស និងខ្លះអាចជាប់ពាក់ព័ន្ធក្នុងក្រុមឆបោកតាមឡនឡាញ។ការជម្លៀសចេញនេះកើតឡើងតែមួយថ្ងៃក្រោយពីជនជាតិថៃ៤១នាក់ ត្រូវបានជម្លៀសពីព្រំដែនមីយ៉ាន់ម៉ាមកថៃតាមផ្លូវគោក ដោយមានការសម្របសម្រួលរវាងអាជ្ញាធរថៃនិងយោធាមីយ៉ាន់ម៉ា ៕