ភ្នំពេញ÷បណ្ឌិត្យសភានគរបាលកម្ពុជា សូមចេញសេចក្ដីបកស្រាយបំភ្លឺជាសាធារណៈ អំពីការបញ្ចេញយោបល់របស់ លោក ផែង វណ្ណៈ ទាក់ទងនឹងការប្រឡងប្រជែងជ្រើសរើសនិស្សិតអាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល ក្នុងគណនីហ្វេសប៊ុកឈ្មោះ PVN News កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ ដែលមានខ្លឹមសារទាំងស្រុង ដូចខាងក្រោមនេះ។
ការលើកឡើងរបស់លោក ផែងវណ្ណៈគឺចង់និយាយសំដៅដល់ ឯកឧត្តម នាយឧត្តមសេនីយ៍សាស្ត្រាចារ្យប្រធានបណ្ឌិតសភានគរបាលកម្ពុជា ដោយយល់ថា ឯកឧត្តម ប្រធានបណ្ឌិតសភានគរបាលកម្ពុជា មកពីមន្ត្រីរាជការស៊ីវិល ចំណុចនេះ អ្នកនាំពាក្យសូមបញ្ជាក់ជូនថា ឯក ឧត្តម ប្រធានបណ្ឌិតសភានគរបាលកម្ពុជា មិនធ្លាប់មានប្រវត្តិការងារជាមន្ត្រីរាជការស៊ីវិលទេ ឯកឧត្តមពិតជាមានការយល់ដឹង និងបទពិសោធន៍ ក្នុងការងារអប់រំបណ្ដុះបណ្ដាលកងកម្លាំងនគរបាល ព្រមទាំងបានសិក្សាស្វែងយល់ និងដកស្រង់បទពិសោធន៍ លើការងារបណ្ដុះបណ្ដាលនគរបាល នៅបណ្ដាប្រទេសជាច្រើន។បន្ថែមលើនេះ ក្នុងការងារដឹកនាំបន្តវេនបច្ចុប្បន្ន ឯកឧត្តម ប្រធានបណ្ឌិតសភានគរបាលកម្ពុជា ទទួលបានការគាំទ្រពីសំណាក់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំសាស្ត្រាចារ្យ គ្រូនគរបាលជាតិ មន្ត្រី និស្សិត សិក្ខាកាម និងសិស្សនគរបាលនៃបណ្ឌិតសភា ដោយសារឯកឧត្តម បានខិតខំបិទមាំដើម្បីបន្តជំរុញការអភិវឌ្ឍ កសាងស្នាដៃ និងសមិទ្ធផលថ្មីៗបន្ថែមទៀត បន្តពីអតីតប្រធានបណ្ឌិតសភានគរបាលកម្ពុជា ក្នុងការធានាបានបណ្ដុះបណ្ដាលប្រកបដោយគុណភាព រីឯការដោះស្រាយ វិបត្តិស្នេហាតាមវិទ្យុក្រៅម៉ោងបំពេញការងារ(ពេលយប់) ពីអតីតកាល គ្រាន់តែជាទេពកោសល្យ ពីធម្មជាតិមួយផ្នែករបស់ ឯកឧត្តម ដើម្បីជួយការងារសង្គមតែប៉ុណ្ណោះ។អ្នកនាំពាក្យបណ្ឌិតសភានគរបាលកម្ពុជាសូមបញ្ជាក់ជូនថា បណ្ឌិតសភានគរបាលកម្ពុជាមិនដែលបានយកមន្ត្រីស៊ីវិល មកបណ្ដុះបណ្ដាលកងកម្លាំងនគរបាលអំពីជំនាញនគរបាល ដូចការលើកឡើងរបស់លោក ផែង វណ្ណៈនោះទេ។ បណ្ឌិតសភានគរបាលកម្ពុជាមានថ្នាក់ដឹកនាំគ្រប់កម្រិត សាស្ត្រាចារ្យនិងគ្រូនគរបាលជាតិ មានជំនាញនគរបាលច្បាស់លាស់ ដែលជាធនធានមនុស្សគាំទ្រ និងបម្រើឲ្យការបណ្ដុះបណ្ដាល ។អ្នកនាំពាក្យបណ្ឌិតសភាសូមបញ្ជាក់ជូនថា: លោក ផែង វណ្ណៈ មានចេតនាបរិហារគេ និងញុះញង់ ឲ្យមានមហាជនមានការយល់ច្រឡំ អំពីការជ្រើសរើសនិស្សិតអាហារូបករណ៍នៅឆ្នាំ ២០២៣នេះ ចំនួនពីចំណុចរួមមាន ÷១/គាត់បានញុះញង់ថា នេះជាការជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាល តាមការពិត គឺជាការជ្រើសរើសនិស្សិតអាហារូបករណ៍ ឱ្យចូលសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាលរយៈពេល៤ឆ្នាំ ដែលបានអនុវត្តជារៀងរាល់ឆ្នាំកន្លងមក ដោយមានគោលការណ៍អនុញ្ញាតពីរាជរដ្ឋាភិបាលនិងក្រសួងមហាផ្ទៃ ក្នុងរយៈពេលសិក្សានេះ និស្សិតមិនទាន់ត្រូវបានតាំងស៊ប់ក្នុងក្របខណ្ឌទេ លុះត្រាតែបញ្ចប់ការសិក្សា៤ឆ្នាំដោយជោគជ័យ ទើបត្រូវតាំងស៊ប់ក្នុងក្របខ័ណ្ឌ ពោលគឺមិនមែនជាការជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ដូចលោក ផែង វណ្ណៈបានលើកឡើងនោះទេ។២/ គាត់បានញុះញង់ថាប្រធានបណ្ឌិតសភាជាអ្នកកំណត់លក្ខខណ្ឌជ្រើសរើស តាមការពិតការជ្រើសរើសនេះមិនមែនជាសមត្ថកិច្ចរបស់បណ្ឌិតសភានគរបាលកម្ពុជាទេ ពោលគឺជាសមត្ថកិច្ចរបស់គណៈកម្មការប្រឡងប្រជែងជ្រើសរើសរបស់ក្រសួងមហាផ្ទៃ ដោយមានតំណាងបណ្ឌិតសភាមួយចំនួនចូលរួម គណៈកម្មការបានប្រើប្រាស់ទីតាំងបណ្ឌិតសភាសម្រាប់ដំណើរការជ្រើសរើសនេះ ។ដូច្នេះគណៈកម្មការបានកំណត់លក្ខខណ្ឌជ្រើសរើស លក្ខខណ្ឌប្រឡង និងលក្ខខណ្ឌផ្សេងៗទៀត ពោលគឺមិនមែនប្រធានបណ្ឌិតសភាកំណត់លក្ខខណ្ឌតម្រូវឲ្យបេក្ខជនត្រូវមានកម្ពស់ ២ម៉ែត្រ ដូចលោកផែង វណ្ណៈ បានលើកឡើងនោះទេ ។លក្ខខណ្ឌដែលគណៈកម្មការបានកំណត់ពិតប្រាកដគឺ បុរសកម្ពស់ចាប់ពី ១.៧០ម៉ែត្រ និងនារីកម្ពស់ចាប់ពី ១.៦០ ម៉ែត្រឡើង ហើយទម្ងន់ត្រូវសមាមាត្រនិងកម្ពស់ ព្រមទាំងលក្ខខណ្ឌមួយចំនួនទៀត ម្យ៉ាងទៀតការជ្រើសរើសនេះ មានគោលការណ៍អនុញ្ញាតត្រឹមត្រូវ ពីរាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ។ដោយសារតែការញុះញង់របស់ លោក ផែង វណ្ណៈ សាធារណជនជាពិសេសបេក្ខជនមានការភាន់ច្រឡំ លើលក្ខខណ្ឌជ្រើសរើស ដែលបង្កឲ្យមានភាពចលាចលយ៉ាងខ្លាំង ជាក់ស្ដែងបេក្ខជនជាច្រើន បានទាក់ទងសួរមកក្រុមការងារ ផ្ដល់ពាក្យនៃគណៈកម្មការប្រឡងប្រជែងជ្រើសរើសរបស់ក្រសួងមហាផ្ទៃ អំពីការកំណត់លក្ខខណ្ឌ កម្ពស់ ២ម៉ែត្រ ដូចការលើកឡើងរបស់លោក ផែង វណ្ណ: មែនដែរឬទេ ?![]() |














