ភ្នំពេញ÷ការប្រកួតកីឡាប៊ូល និងប៉េតង់ សន្តិភាពវ័យចាស់ពានរង្វាន់ ឯកឧត្តមបណ្ឌិត សោម ចិន តំណាងរាស្ត្រមណ្ឌលខេត្តកំពត អនុប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា និងជាប្រធានក្លិបកីឡាប៊ូល និងប៉េតង់សន្តិភាព បានប្រារព្ធបើកការប្រកួតនាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិ អូឡាំពិក ដោយមានការអញ្ចើញចូលរួម ជាអធិបតីភាពពី ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ និងជាប្រធាន កិត្តិយសសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ។
ឯកឧត្តមបណ្ឌិត សោម ចិន បានបញ្ចាក់ពី គោលបំណងការប្រកួតកីឡាប៊ូល និងប៉េតង់ សន្តិភាព វ័យចាស់ ដើម្បីអបអរសាទរ ថ្ងៃទី០២ ធ្នូ ១៩៧៨ សុខភាព សាមគ្គីភាពមិត្តភាពភាតរៈភាព និងទំនាក់ទំនងល្អប្រសើរ និងជួយ សហព័ន្ធ ទាក់ខ្ពក់អូសទាញថ្នាលថ្មី អោយងាកមកលេងកីឡា តាមលំនាំ របស់គតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង អតីតប្រធាន កិត្តិយស អតីតប្រធានសហព័ន្ធនិង សម្តេច វិបុលបញ្ញា សុខ អាន អតីតប្រធានសហពន្ធ័ចូលនិងប៉េតង់កម្ពុជា ។ លើសពីនេះ ជំរុញឱ្យបង្កបរិយាកាសសប្បាយរីករាយ ដល់កីឡាករវ័យ ហើយក្លឹបកីឡាប៉ូល និងប៉េតង់វ័យចាស់ ទាំងអស់សូមប្ដេជ្ញារក្សាអោយបាននូវសុខសន្តិភាព សន្តិសុខនិងការអភិវឌ្ឍន៍ ។ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា មានប្រសាសន៍ថា ការប្រកួតកីឡាប៊ូល និងប៉េតង់ សន្តិភាពវ័យចាស់ពានរង្វាន់ ឯកឧត្តមបណ្ឌិត សោម ចិននេះ ជាគំនិតផ្តួចផ្តើម មួយដ៏ល្អ ក្នុងការបំផុសស្មារតី ក៏ដូចជាទាក់ទាញ ចំណាប់អារម្មណ៍ របស់អតីតកីឡាករប៊ូល និងប៉េតង់ ដែលមានវ័យចំណាស់ ឬអ្នកចូលនិវត្តន៍ ឱ្យមកចូលរួមប្រកួតកម្សាន្តសប្បាយ ក្នុងន័យលើកកម្ពស់សុខភាពផ្ទាល់ខ្លួន និងរឹតចំណងសាមគ្គីភាព ក៏ដូចជាបានចែករំលែកនូវបទពិសោធសម្រាប់យុវជន និងជាពិសេសសម្រាប់កីឡាករថ្នាលជំនាន់ក្រោយ ។ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានបន្ថែមថា នេះគឺជាការចូលរួម ជាចំណែកដល់ការអនុវត្ត “គោលនយោបាយជាតិសីពីមនុស្ស វ័យចាស់ ២០១៧- ២០៣” របស់រាជរដ្ឋាភិបាល ដែលជាការគិតគូរ ដល់ មនុស្ស វ័យចាស់ តាមរយៈការដាក់ចេញនូវផែនការយុទ្ធសាស្ត្រ សំដៅធានា ឱ្យបាននូវសន្តិសុខ ប្រាក់ចំណូល, កាត់បន្ថយភាពងាយរង គ្រោះផ្នែកសេដ្ឋកិច្ច និង ហិរញ្ញវត្ថុរបស់ប្រជាជនវ័យចាស់ ព្រមទាំងលើកកម្ពស់សុខុមាលភាពរបស់ពួកគាត់ ប្រកប ដោយសមធម៌, ពង្រឹងសាមគ្គីភាព និង ភាពសុខដុមរមនានៅក្នុងសង្គមជាតិ ។សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងវិស័យកីឡាប៊ូល និងប៉េតង់នេះដែរ កាលខែវិច្ឆិកា ឆ្នាំ២០២០ ព្រឹត្តិការណ៍ប្រកួតកីឡាប៉េតង់ ពានរង្វាន់ ”គរុគុណ” លើកទី១ បានរៀបចំឡើងដើម្បីជាការរំលឹកដល់ស្ថានិកសំខាន់ៗ ដែលបានជួយជ្រោមជ្រែងដល់កីឡាប៉េតង់ អោយមានការអភិវឌ្ឍ។ ការប្រកួតនាពេលនោះ ក៏ជាការបង្កើតឱកាសដល់កីឡាករ កីឡាការិនី បានពង្រឹងសមត្ថភាព ដើម្បីត្រៀមចូលរួមការប្រកួតនានានា ជាពិសេសគឺការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ៕






