បាត់ដំបង៖ ខ្មាន់កាំភ្លើងខ្លីបានបាញ់រះចំនួន០៦គ្រាប់ ទម្លុះទ្វារផ្ទះអ្នកលក់ទូរស័ព្ទ និងគ្រឿងអគ្គិសនីមួយកន្លែងមួយកន្លែងក្នុងក្រុងបាត់ដំបង តែសំណាងល្អមិនបណ្ដាលឲ្យមានអ្នករងរបួសនៅក្នុងហេតុការណ៍នោះឡើយ ។
ហេតុការណ៍នេះបង្ករឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង០១ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ មីនា ឆ្នាំ២០២៤ ស្ថិតនៅក្នុងភូមិសូភី១ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។យោងតាមប្រភពព័ត៌មានបឋម ពីកន្លែងកើតហេតុបានឲ្យដឹងថា អាចជាការបាញ់ព្រមានជនរងគ្រោះ ដែលផ្ដើមចេញពីរឿងគំនុំអ្វីមួយ រវាងខ្មាន់កាំភ្លើងជាមួយនឹងម្ចាស់ផ្ទះ ។ម្ចាស់ផ្ទះដែលរងការបាញ់ព្រមាននេះឈ្មោះកែវ ឌាំង ភេទប្រុស អាយុ៤១ឆ្នាំ មានមុខរបរលក់ទូរស័ព្ទ និង គ្រឿងអគ្គិសនី ស្ថិតនៅក្នុងភូមិ សង្កាត់កើតហេតុខាងលើ ។បើតាមរបាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា ជនមិនស្គាល់មុខបានប្រើប្រាស់កាំភ្លើងខ្លីបាញ់រះទៅលើទ្វារផ្ទះជនរងគ្រោះ បណ្ដាលឲ្យត្រូវធ្លុះធ្លាយចំនួន០៦កន្លែង ហើយមន្ត្រីជំនាញបានរកឃើញក្បាលគ្រាប់ចំនួន០៣គ្រាប់ តែរកមិនឃើញសម្បកគ្រាប់ទេ ។ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានរួមទាំងសមត្ថកិច្ចជំនាញបានមកដល់សាកសួរជនរងគ្រោះនិងធ្វើកំណត់ហេតុ រួចរាល់ ប្រមូលវត្ថុតាងមួយចំនួន ដើម្បីបន្តស្វែងរកខ្មាន់កាំភ្លើងចាត់ការបន្តទៅតាមផ្លូវច្បាប់ ៕





