(កណ្ដាល)៖ ក្រុមអ្នកញៀនល្បែងទាំងហ្វូង បានធ្វើសកម្មភាព លេងល្បែងស៊ីសង"អាប៉ោង"យ៉ាងពេញបន្ទុក រហូតដល់ទៅ០៥វង់ នៅបរិវេណ"វត្តព្រែករៃ"ស្ថិតនៅភូមិព្រែករៃ ឃុំព្រែករៃ ស្រុកល្វាឯម ខេត្តកណ្ដាល កាលពីយប់ទី១៨.០៥.២០២៤ ក្នុងពិធីបុណ្យឆ្លងសមិទ្ធផលនានាក្នុងវត្ត..!។
ករណីនេះលោក ធួក ចិត្រា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រែករៃ បានណែនាំឱ្យ អ្នកសារព័ត៌មាន ទៅសុំគេតាមវង់ល្បែង បន្តិចៗទៅ...!។សេចក្ដីរាយការណ៍បានឱ្យ«ដើមរាំង» ដឹងថា នៅ"វត្តព្រែករៃ"ត្រង់ចំណុចខាងលើ មានពិធីបុណ្យឆ្លងសមិទ្ធផលនានាក្នុងវត្ត.! ។ជាមួយគ្នានោះ នៅយប់ទី១៨.០៥.២០២៤ ក៏មានការសម្ដែងសិល្បៈ(ល្ខោន)សម្រាប់ឱ្យបងប្អូនប្រជាពលរដ្ឋ ជិតឆ្ងាយ ចូលរួមទស្សនាកម្សាន្ត ដើម្បីអបអរកម្មវិធីបុណ្យ។ស្របពេលដែល មនុស្សច្រើនកុះករបែបនេះ ស្រាប់តែមានសកម្មភាពលេងល្បែងស៊ីសងខុសច្បាប់(អាប៉ោង)ចំនួន៥កន្លែងធំៗ កំពុងលេងភ្នាល់ចាក់លុយ យ៉ាងរលូន និងមានសុវត្ថិភាព..!។ព្រោះថា សមត្ថកិច្ចយាមកាម និងការពារសន្តិសុខនៅទីនោះ មើលមិនឃើញ និងគ្មានវិធានការទប់ស្កាត់ ឬបង្ក្រាបសោះឡើយ...!។ពាក់ព័ន្ធករណីនេះ នៅយប់ទី១៨.០៥.២០២៤ អ្នកសារព័ត៌មាន បានរាយការណ៍និងសុំការបំភ្លឺពីលោក ធួក ចិត្រា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រែករៃ ប៉ុន្តែលោកពុំមានវិធានការទប់ស្កាត់ ឬបង្ក្រាបល្បែងខាងលើឡើយ!។ ផ្ទុយទៅវិញ លោកនាយប៉ុស្តិ៍ បានថ្លែងណែនាំឱ្យអ្នកកាសែត ទៅសុំគេតាមវង់ល្បែង បន្តិចៗទៅ...។ចំណែកលោក មួង រដ្ឋា អធិការស្រុកល្វាឯម បានថ្លែងរបៀបនើយហត់ និងគំរាះគំរើយថា«ងាប់ហើយអ្ហា.រកពេលដេកមួយថ្ងៃ មិនបានហ្មងអ្ហា.!»។លោកអធិការ បន្តថា ចាំមើលឱ្យពួកនិងទៅមើលៗ...!។គួរម្លឹកថា នៅក្នុងភូមិសាស្ត្រស្រុកល្វាឯម ខេត្តកណ្ដាល ពុំមែនមានតែល្បែងស៊ីសង ក្នុងវត្តអារាមម្ដងម្កាល ពេលមានបុណ្យទាន ប៉ុណ្ណោះទេ.!។ជាក់ស្ដែង ត្រង់ចំណុចចម្ការស្វាយ ភូមិផ្លូវត្រី ឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល ក៏មានការបើកល្បែងទ្រង់ទ្រាយធំ រហូតផ្ទុះរឿងកក្រើកពេញបណ្ដាញសង្គម កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤។ករណីបើកល្បែងក្នុងចំការស្វាយ នៅភូមិផ្លូវត្រី ឃុំថ្មគរ នេះដែរ ក្រោយផ្ទុះរឿង សមត្ថកិច្ចនគរបាលខេត្តកណ្ដាល បានឃាត់ខ្លួនម្ចាស់ទីតាំង និងឃាត់ខ្លួន អ្នកសារព័ត៌មានចំនួន២នាក់ទៀត..!។ក្នុងនោះសមត្ថកិច្ចខេត្តកណ្ដាល ពុំទាន់ចាត់វិធានការលើ”សមត្ថកិច្ចមូលដ្ឋាននៅឡើយទេ”ថាតើសមត្ថកិច្ចមូលដ្ឋាន ដឹងគេបើកល្បែងដែរ ឬមួយដឹងហើយធ្វើមិនដឹង..?។ខណៈសកម្មភាព នៃការបើកលេងល្បែងក្នុងចម្ការស្វាយ ភូមិផ្លូវត្រី ឃុំថ្មគរ ស្រុកល្វាឯម។គឺទ្រង់ទ្រាយធំ.មានមនុស្សទៅលេងល្បែងទាំងហ្វូង.ដោយមានប៉ាតង់.សង្វៀន.មានស៊ុំព័ទ្ធជុំវិញ.មានកៅអីអង្គុយ.មានអ្នកលក់ដូរនៅទីនោះទៀតផង!។ពុំមែនជាការលេងស៊ីគូថៃ ក្រោមផ្ទះម្នាក់ ឬ២នាក់ ដើម្បីកម្សាន្តជាលក្ខណៈគ្រួសារអ្វីឡើយ!ចុះហេតុអី បានជាសមត្ថកិច្ចមូលដ្ឋានមិនដឹង…?។លុះឥឡូវ ស្រាប់តែមានសកម្មភាពបើកល្បែង"អាប៉ោង"នៅវត្តព្រែករៃ ទៀត!។តើលោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការខេត្តកណ្ដាល មានវិធានការបែបណា..? ក្រោយទទួលបានព័ត៌មានខាងលើ។ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំ ធ្វើការផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារពត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ ព្រមទាំងរង់ចាំទទួលការបកស្រាយ ពីភាគី ស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ ៕សូមអគុណ !








