ក្រុងហាណូយ៖ អាជ្ញាធរវៀតណាមបានចេញបញ្ជាឱ្យផ្អាកការហោះហើរចេញចូលអាកាសយានដ្ឋានយ៉ាងតិចចំនួនបួនកន្លែងនៅបណ្ដាខេត្តភាគកណ្ដាលដើម្បីទុកជាផ្នែក១នៃការត្រៀមទប់ទល់នឹងខ្យល់ព្យុះដ៏ធំ១ឈ្មោះត្រាមីដែលទើបតែវាយប្រហារប្រទេសហ្វ៊ីលីពីន យ៉ាងចាស់ដៃស្លាប់មិនមែនតិចនាក់ទេ និងបាត់ខ្លួនជាច្រើននាក់រកមិនទាន់ឃើញនៅឡើយផង។
ដូច្នេះហើយ វៀតណាមមិនចង់មើលស្រាលខ្យល់ព្យុះត្រាមីនេះទេព្រោះខ្លាចមានជោគវាសនាដូចករណីខ្យល់ព្យុះឈ្មោះយ៉ាជីដែលបានសម្លាប់មនុស្សយ៉ាងរង្គាលនៅវៀតណាម។ ក្រសួងឧតុនិយមព្យាករថាខ្យល់ព្យុះត្រាមីនឹងបោកបក់ទៅលើប្រទេសវៀតណាមចាប់ពីថ្ងៃទី២៦-២៨ ខែតុលា និងពាំនាំទៅជាមួយនូវភ្លៀងលាយខ្យល់កន្ត្រាក់ និងគ្រោះទឹកជំនន់យ៉ាងល្ហល្ហាច ៕


