ក្រចេះ៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកសំបូរ និងអាជ្ញាធរមូលដ្ឋាន ក្រោមការសម្របសម្រួលនីតិវិធីពីលោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តក្រចេះ នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣នេះ បានចុះបង្ក្រាបទីតាំងទទួលបញ្ចាំម៉ូតូ-រថយន្ដ ដោយគ្មានលិខិតអនុញ្ញាត ចំនួន០៦ទីតាំង នៅស្រុកសំបូរ ខេត្តក្រចេះ។
យោងតាមរបាយការណ៍របស់នគរបាលស្រុកសំបូរ ដែលអង្គភាពសារព័ត៌មានយើងទទួលបាន នៅរសៀលថ្ងៃទី១០ ខែមករានេះ បានឲ្យដឹងថា កម្លាំងនគរបាលបានចុះបង្ក្រាបទីបញ្ចាំគ្មានច្បាប់អនុញ្ញាត៦កន្លែងរួមមាន៖ទីតាំងទី១ ឈ្មោះ ជួប សុកុណា ភេទប្រុស អាយុ៤៩ឆ្នាំ ទីលំនៅភូមិកែងប្រាសាទ ឃុំសំបូរ ដោយដកហូតម៉ូតូចំនួន៤០គ្រឿង (ក្នុងនោះមានម៉ូតូសណ្តោងរឺម៉ក០១គ្រឿង) និងរថយន្ដចំនួន០១គ្រឿង។*ទីតាំងទី២ ឈ្មោះ ឡាង ធា ភេទប្រុស អាយុ៥២ឆ្នាំ ទីលំនៅភូមិសណ្ដាន់ ឃុំសណ្ដាន់ ដោយដកហូតម៉ូតូចំនួន០៥គ្រឿង។*ទីតាំងទី៣ ឈ្មោះ ឆីវ ម៉េង ភេទប្រុស អាយុ៥៥ឆ្នាំ ទីលំនៅភូមិសណ្ដាន់ ឃុំសណ្ដាន់ (ម៉ូតូគ្មាន)។*ទីតាំងទី៤ ឈ្មោះ ប៉េង សុខឌី ភេទប្រុស អាយុ៤៦ឆ្នាំ ទីលំនៅភូមិសណ្ដាន់ ឃុំសណ្ដាន់ ដោយដកហូតម៉ូតូចំនួន១០គ្រឿង។*ទីតាំងទី៥ ឈ្មោះ កេត សុធា ភេទប្រុស អាយុ៥៣ឆ្នាំ ទីលំនៅភូមិសំបូរ ឃុំសំបូរ ដោយដកហូតម៉ូតូចំនួន០៣គ្រឿង។*ទីតាំងទី៦ ឈ្មោះ ហេង ម៉េងសុង ភេទប្រុស ទីលំនៅភូមិសំបូរ ឃុំសំបូរ ដោយដកហូតម៉ូតូចំនួន០២គ្រឿង។តាមរបាយការណ៍បញ្ជាក់បន្ថែមទៀតថា ម្ចាស់ទីតាំងខាងលើ ត្រូវបានសមត្ថកិច្ចហៅមកសាកសួរ នៅអធិការដ្ឋាននគរបាលស្រុកសំបូរ ចំណែកវត្ថុតាងខាងលើ ដកហូតយកមករក្សាទុកបណ្ដោះអាសន្ន នៅសាលាស្រុកសំបូរ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕










