ភ្នំពេញ ៖ កាលពី ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវបេតុងព្រែកព្នៅភ្នំប្រសិទ្ធិ៍ ស្ថិតនៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ មានរថយន្តស៊េរីទំនើប មួយគ្រឿងមា៉ក LEXUS 570 KURO ពណ៌ស ត្រូវម្ចាស់គាស់ស្លាកលេខយកទៅបាត់ បើកបរក្នុងទិសដៅ ពីកើត ទៅលិច ពីព្រែកព្នៅឆ្ពោះទៅភ្នំប្រសិទ្ធិ៍ ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញ រថយន្តស៊េរីទំនើបមាក LEXUS 570 KURO បើកបរតាមបណ្តោយផ្លូវបេតុង ពីផ្សារព្រែកព្នៅ ឆ្ពោះទៅភ្នំប្រសិទ្ធិ៍ ក្នុងល្បឿនយ៉ាងលឿន លុះបើកមកដល់ចំណុចកើតហេតុ នៅចំណុចបឹងតាមោក ដែល កំពុងលុបបឹងជិតស្មើ រថយន្តឡិចស៊ីស ខាងលើ បានរ៉េចង្កូត ទៅផ្នែកខាងឆ្វេងក៏ជ្រុល ទៅលើទីតាំងចាក់ខ្សាច់ ដែលលុបមិនទាន់ពេញ បណ្តាលឲ្យលិចផ្នែកខាងមុខពាក់កណ្តាល រងការខូចខាត យ៉ាងធ្ងន់ធ្ងរ គឺភក់ចូលរថយន្តមួយកំណាត់ផ្នែកខាងមុខ ដូចក្របីដេកភក់ អញ្ចឹង ខណៈគ្រោះថ្នាក់ភ្លាមៗ អ្នកបើកបររថយន្តខាងលើចេញពីរថយន្តភ្លាមៗ ហើយបានគាស់ស្លាកលេខចេញពីរថយន្ត ។បន្ទាប់មកដោយ មានតំណាងភាគីខាងរថយន្តមកយាមរថយន្ត ខ្លាចមានជនឆ្លៀតឱកាសលួចយកសំភារៈ នៅក្នុងរថយន្ត នៅពេលនោះក៏មានកំលាំងសមត្ថកិច្ចចុះមកអន្តរាគមន៍ភ្លាមៗជាបន្តបន្ទាប់ ។ក្រោយកើតហេតុ ដោយសារតែគ្រោះថ្នាក់ចរាចរណ៍នេះ មិនប៉ះពាល់ដល់សម្បត្តិសាធារណៈ នឹងប្រជាពលរដ្ឋ សមត្ថកិច្ចបានអោយតំណាងរថយន្តនេះ ស្ទូចយកទៅជួសជុលខ្លួនឯង ៕






