មណ្ឌលគិរី៖ ក្នុងចំណោមកីឡាករដែលចូលរួមការប្រណាំងរថយន្ត Off Road សន្តិភាព ២០២៣ នៅទីលាន១២ម៉ូទ័រផាក ខេត្តមណ្ឌលគិរីនោះ គេឃើញមានយុវតីស្រស់ស្អាត១រូបក៏បានចូលរួមប្រកួតរថយន្ត Off Road ជាមួយកីឡាករបុរសៗដទៃទៀតដែរ ដោយមិនខ្លាចរអាបន្តិចសោះឡើយ។
យុវតីរូបនោះមានឈ្មោះថា ម៉ារី ណុច បើករថយន្តលេខ៣២៤ ចូលរួមប្រកួតក្នុងក្រុម Overland ឬហៅថា Class C ដែលមានរថយន្តរួមប្រកួតសរុបចំនួន២២គ្រឿង ។សូមបញ្ជាក់ផងដែរថាកីឡាការនី ម៉ារី ណុច ទើបតែមានអាយុ២២ឆ្នាំប៉ុណ្ណោះ ប៉ុន្តែរូបគេមានភាពក្លាហានណាស់ក្នុងការចូលរួមប្រកួតប្រជែងនៅលើទីលានប្រណាំងរថយន្ត Off Road នេះ។កីឡាប្រណាំងរថយន្តឆ្លងកាត់ឧបសគ្គ Off Road មានចំនួន៣ក្រុម ដែលមានរថយន្តសរុបចំនួន៦៧គ្រឿង ក្នុងនោះក្រុមទី១ Hard Core, ក្រុមទី២ Light Core និងក្រុមទី៣ Overland ក្នុងនោះក៏មានរថយន្តរបស់កីឡាការនី ម៉ារី ណុច ១គ្រឿងផងដែរ។ក្រោយទទួលបានបទពិសោធន៍ពីការប្រកួតនៅក្នុងក្រុម Overland នេះហើយ ម៉ារី ណុច ក៏ចង់ចូលរួមប្រកួតជាមួយក្រុម Light Core ឬ Class B ដែរ ប្រសិនបើមានការប្រកួតនៅពេលក្រោយៗទៀត។ លទ្ធផលផ្លូវការនៃការប្រណាំងជាមួយក្រុម Overland ឬ Class C នោះ ម៉ារី ណុច ទទួលបានចំណាត់ថ្នាក់ទី៨ ដោយទទួលបានពិន្ទុសរុប១៣៩ពិន្ទុ៕




