ខេត្តបាត់ដំបង ៖ នៅព្រឹកថ្ងៃទី៣១ ឧសភា ឆ្នំា២០២៣នេះ ជនសង្ស័យចំនួន០៨នាក់ មានប្រុសមានស្រី ដែលជាប់សង្ស័យពីបទល្មើសជួញដូរគ្រឿងញៀនខុសច្បាប់ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ក្រោយបញ្ចប់នីតិវិធីសួរនាំ នៅការិយាល័យជំនាញ ។
ជនសង្ស័យទាំង០៨នាក់នោះរួមមាន ១-ឈ្មោះ សាំង សត្យា ភេទប្រុស អាយុ២៥ឆ្នាំ ២-ឈ្មោះ ជុំ វាសនា ភេទប្រុស អាយុ២៦ឆ្នាំ ៣-ឈ្មោះ រើន រស្មី ភេទប្រុស អាយុ២៣ឆ្នាំ ៤-ឈ្មោះ រឿន វណ្ណដាវ ភេទប្រុស អាយុ១៨ឆ្នាំ ៥-ឈ្មោះ ង៉ា ង៉ាន់ ភេទប្រុស អាយុ១៧ឆ្នាំ ៦-ឈ្មោះ សាន សុឆាក់រ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ ៧-ឈ្មោះ ឡឹប រ៉ហ្វីលីន ភេទស្រី អាយុ២២ឆ្នាំ និង៨-ឈ្មោះ ហ៊ុន ហាន ហៅ ធំ ភេទប្រុស អាយុ២២ឆ្នាំ បង្ក្រាបបានពេលពួកគេកំពុងប្រមូលផ្ដុំគ្នា ប្រព្រឹត្តបទល្មើសគ្រឿងញៀននេះជាក់ស្ដែង កាលពីល្ងាចថ្ងៃទី២៩ ឧសភា នៅចំណុចភូមិដំណាក់ហ្លូង សង្កាត់វត្តគរ ក្រុងបាត់ដំបង ។ប៉ុន្តែមានម្នាក់ឈ្មោះ ហ៊ុន ហាន ហៅ ធំ ដែលជាបក្សពួក ត្រូវបានកម្លាំងជំនាញ ធ្វើការស្រាវជ្រាវឃាត់បានចុងក្រោយ នៅរសៀលថ្ងៃទី ៣០ ឧសភា នៅភូមិចំការឬស្សី សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំប ង។ប្រតិបត្តិការបង្ក្រាបក្រុមជូញដូរគ្រឿងញៀនបានទាំងសំបុកនេះ មន្ត្រីជំនាញរឹបអូសបានវត្ថុតាងដូចជា ១,គ្រឿងញៀនប្រភេទមេតំហ្វេតាមីន ICE (ម៉ាទឹកកក) ចំនួន០៦កញ្ចប់ ដែលមានទម្ងន់២៥,៦៤ក្រាម ២,ម៉ូតូចំនួន០២គ្រឿង ដែលជាមធ្យោបាយជិះប្រព្រឹត្តបទ ល្មើស និង៣,ទូរស័ព្ទដៃចំនួន០៧គ្រឿង ។នៅចំពោះមុខមន្ត្រីជំនាញ និង វត្ថុតាង ក្រុមជន សង្ស័យមួយសំបុកនេះ បានសារភាពទទូលស្គាលថា ពួកខ្លួនពិតជាបានប្រមូលផ្ដុំគ្នាប្រព្រឹត្តបទល្មើសគ្រឿងញៀនទាំងនេះមែន ហើយវត្ថុតាងនានា ដែលសមត្ថកិច្ចបានដកហូតខាងលើនេះ ក៏ជារបស់ពួកខ្លួនដែរ។បច្ចុប្បន្នក្រុមជនសង្ស័យទាំង០៨នាក់ខាងលើនេះ ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្ត ចាត់ការតាមច្បាប់ហើយ នៅព្រឹកថ្ងៃទី ៣១ ឧសភា ក្រោយបញ្ចប់នីតិវិធីសួរនាំ ៕





