ភ្នំពេញ ៖ កាលពី យប់ ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ទីតាំងកន្លែងម៉ាស្សាបង្កប់ទៅដោយសេវាបំរើកម្សាន្តមួយកន្លែង ត្រូវមន្ត្រីផ្នែកជំនាញនាយកដ្ឋានប្រឆាំងការជួយដូរមនុស្សអនីតិជនចុះសហការជាមួយកម្លាំងអជ្ញាធរខណ្ឌបង្ក្រាប និងឃាត់ខ្លួននារីៗធ្វើការសេវាបំរើកម្សាន្តចំនួន៥នាក់ និងមេការម្នាក់ នៅចំណុចបុរីញ៉ូថោន ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ ដោយមានការរាយការណ៍ផ្ដល់ព័ត៌មានពីប្រជាពលរដ្ឋរស់នៅក្នុងបុរីខាងលើ ប្ដឹងទៅខាងអជ្ញាធរសមត្ថកិច្ចមូលដ្ឋាន បន្ទាប់សមត្ថកិច្ចក៏រាយការណ៍បន្តទៅកាន់ផ្នែកជំនាញនាយកដ្ឋានប្រឆាំងការជួយដូរមនុស្ស និងការពារអនីតិជនតែម្តង។ទីតាំងម៉ាស្សានេះមានយីហោ «ម៉ាកស្រីកា» ផ្ទះលេខ No CO2.St.112KD ក្នុងនោះមានស្រី្ដបំរើសេវាកម្សាន្តចំនួន៥នាក់ ជាអនីតិជន២នាក់ និង៣នាក់ទៀតគ្រប់អាយុ រួមនឹងមេការម្នាក់ទៀត ត្រូវបានបញ្ជូនទៅកាន់ផ្នែកជំនាញ ចំណែកវត្ថុតាងដែលត្រូវដកហូតបានរួមមាន ៖ ម៉ូតូមួយគ្រឿងម៉ាកធូដេ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ1KE-4685 ព្រមទាំងទូរស័ព្ទដៃមួយចំនួនផងដែរ។ក្នុងប្រតិបត្តិការ នោះមន្ត្រីផ្នែកជំនាញក៏ដឹកនាំកម្លាំងចុះ សហការជាមួយកម្លាំងផ្នែកជំនាញខណ្ឌពោធិ៍សែនជ័យ និងអជ្ញាធរភូមិ ឃុំ សង្កាត់ អោយចូលរួមអន្តរាគមន៍បង្ក្រាបទីតាំងម៉ាស្សានោះ បន្ទាប់ពីធ្វើការសួរនាំទៅលើនារីបំរើសេវាកម្សាន្តទាំង៥នាក់នោះទៅ ទើបដឹងថា មាននារី២នាក់ជាអនិតិជន នៅទីតាំងនោះផងដែរ នៅពេលឆែកឆេរ គឺរកឃើញស្រោមអនាម័យដែលប្រើប្រាស់រួចជាច្រើនស្រោមវេចខ្ចប់ទុកក្នុងថង់ខ្មៅមួយ ហើយក៏ត្រូវបានផ្នែកជំនាញប្រមូលទុកជាភស្តុតាង ដើម្បីកសាងសំណុំរឿងផងដែរ។បច្ចុប្បន្ននារីបំរើសេវាកម្សាន្តទាំង៥នាក់ និងមេការម្នាក់ ត្រូវឃាត់ខ្លួនបញ្ជួនទៅកាន់ផ្នែកជំនាញនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដើម្បីចាត់ការទៅនីតិវិធីបន្ត ចំណែកទីតាំងផ្ទះម៉ាស្សាខាងលើវិញ ក៏ត្រូវបានបិទទ្វារសោផ្អាកជាបណ្ដោះអាសន្ន៕







