រាជធានីភ្នំពេញ៖ អនុវត្តន៍តាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ឯកឧត្តម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការដឹកនាំបញ្ជារបស់ឯកឧត្តម ឧត្ដមសេន៍យ៍ ព្រុំ សន្ធរ អគ្គស្នងការនគរបាលជាតិ ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៅម៉ោង២៖០០នាទី រំលងអធ្រាត្រឈានចូល ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ មន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការដឹកនាំ និងសម្របសម្រួលពីលោក គឹម ហុងសាន ព្រះរាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះស្រាវជ្រាវស៊ើបអង្កេត រហូតឈានទៅបង្ក្រាបករណីប្រើប្រាស់ និងចែកចាយដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចក្លឹបកម្សាន្ត City of Starry Sky ដែលជាអតីតក្លឹបកម្សាន្ត BOEING នៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ។
អ្នកពាក់ព័ន្ធការប្រើប្រាស់គ្រឿងញៀន ចំនួន៣៥នាក់ (ស្រី ២០នាក់) ក្នុងនោះជនជាតិខ្មែរ ២នាក់ (ស្រី ១នាក់) បញ្ជូនទៅមជ្ឈមណ្ឌលព្យាបាល និងស្តារនីតិសម្បទា, ជនជាតិវៀតណាម ១៥នាក់ (ស្រី ១៤នាក់) និងជនជាតិចិន ១៨នាក់ (ស្រី ៥នាក់) បណ្តេញចេញពីប្រទេសកម្ពុជា។ដោយឡែកវត្ថុតាងចាប់យកបានរួមមាន៖ សារធាតុញៀនប្រភេទ មេតំហ្វេតាមីន(MDMA) ទម្ងន់ ៣គីឡូក្រាម និង៩៨៤.៥២ក្រាម និងសារធាតុញៀនប្រភេទ កេតាមីន(Ketamine) ទម្ងន់ ៧២៤.៩០ក្រាម សារធាតុញៀនសរុបទម្ងន់ជាង ៤គីឡូក្រាម និង ៧០៩.៤២ក្រាម។គួររំលឹកថា កាលពីយប់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ កម្លាំងជំនាញមន្ទីរបទល្មើសគ្រឿងញៀន បានសហការជាមួយកម្លាំងនគរបាលស្នងការដ្ឋានរាជធានីភ្នំពេញ បានបង្ក្រាបទីតាំងចែកចាយ ប្រើប្រាស់គ្រឿងញៀន ឈ្មោះ BOEING នៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ ឃាត់ខ្លួនជនសង្ស័យជាជនបរទេសចំនួន ៩១នាក់ និងថ្នាំញៀនប្រមាណ ៥គីឡូក្រាម មិនទាន់បានប៉ុន្មានខែផង ស្រាប់តែទីតាំងកម្សាន្តនេះប្តូរឈ្មោះ និងលួចបង្កប់ ការចែកចាយប្រើប្រាស់គ្រឿងញៀនជាថ្មីម្តងទៀត៕





