ភ្នំពេញ ៖នារីម្នាក់មានទំនាក់ទំនងស្នេហាជាមួយបុរស ជាសង្សារបាន២ខែ ក៏ត្រូវបុរសជាសង្សាររូបនោះ លួចទូរស័ព្ទចំនួនពីរគ្រឿងបានសម្រេច រួចយកទៅលក់ចាយអស់ និងរត់គេចខ្លួនបាត់ស្រមោល លុះមួយខែក្រោយមកស្រាប់តែប្រទះឃើញនៅចំណុចក្លិបមួយកន្លែង ក៏ត្រូវនាងឃាត់ខ្លួនបានប្រគល់ឱ្យសមត្ថកិច្ចភ្លាមៗ ។
ហេតុការណ៍នេះបានកើតឡើងកាលពី យប់ថ្ងៃទី២៣ ខែឧសភាឆ្នាំ២០២៤ ស្ថិតនៅតាមបណ្ដោយផ្លូវវេងស្រេង ត្រង់ចំណុចក្លិប G21 ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ជនសង្ស័យឈ្មោះ ការ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅអូដឹមសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ទូរស័ព្ទដែលត្រូវបានជនសង្ស័យលួច មានម៉ាកអាយហ្វូន១គ្រឿង និងម៉ាកអូប៉ូ ១គ្រឿង ទាំងអស់ចំនួនពីរគ្រឿង នៅមុនពេលកើតហេតុ គាត់ធ្លាប់មានទំនាក់ទំនងគ្នាជាមួយជនសង្ស័យនេះរួចម្ដងហើយ បន្ទាប់មកក៏បែកគ្នាវិញ ។បន្ទាប់មកជនសង្ស័យរត់ទៅខេត្តព្រះសីហនុជិត១ខែ ស្រាប់តែត្រឡប់មកវិញ ត្រូវបានមិត្តភ័ក្ដិរបស់នាងប្រទះឃើញនៅជិតក្លិបG21 ត្រង់ចំណុចនេះ ក៏ទាក់ទងហៅនារីរងគ្រោះមកធ្វើការឃាត់ខ្លួនជនសង្ស័យបានភ្លាមៗរួចប្រគល់ទៅសមត្ថកិច្ចមូលដ្ឋានយកទៅសួរនាំនៅប៉ុស្តិ៍ ។ក្រោយកើតហេតុសមត្ថកិច្ចសាកសួរទើបដឹងដំណើររឿង ហើយកើតហេតុដំបូងនៅខាងសង្កាត់កាកាបទី១ ខាងសមត្ថកិច្ចសង្កាត់ចោមចៅ១ ប្រគល់ជនសង្ស័យទៅឱ្យសមត្ថកិច្ចកាកាបទី១វិញ ។ គូបញ្ជាក់ផងដែរថា ជនរងគ្រោះពេលដែលជនសង្ស័យលួចយកទូរស័ស័ព្ទទៅបាត់នោះ នាងអត់បានដាក់ពាក្យបណ្ដឹងនោះទេ ។បច្ចុប្បន្នជនសង្ស័យនេះ ត្រូវបានសមត្ថកិច្ចសង្កាត់កាកាបទី១ធ្វើការនាំខ្លួនទៅសួរនាំបន្តរួចចាត់ការទៅនីតិវិធីច្បាប់ ៕





