សមាគមសារព័ត៌មានសុក្រឹត (ស.ស.ក) បានចេញសេចក្តីថ្លែងការណ៍ ក្រោយមានការចាប់ខ្លួនលោក រី រិទ្ធត្យា ចាងហ្វាងគេហទំព័រ GG TV NET
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

សមាគមសារព័ត៌មានសុក្រឹត (ស.ស.ក) បានចេញសេចក្តីថ្លែងការណ៍ ក្រោយមានការចាប់ខ្លួនលោក រី រិទ្ធត្យា ចាងហ្វាងគេហទំព័រ GG TV NET

ខេត្តកណ្តាល÷បន្ទាប់ពីចាងហ្វាងគេហទំព័រសារព័ត៌មានអនឡាញ GGTV លោក រី រិទ្ធត្យា ធ្វើការផ្សព្វផ្សាយព័ត៌មានមិនពិត ត្រូវបានសមត្ថកិច្ចក្រុងតាខ្មៅ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ឃាត់ខ្លួនបញ្ជូនទៅតុលាការ និងសម្រេចឃុំខ្លួនដាក់ពន្ធនាគារ នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤ សមាគមសារព័ត៌មានសុក្រឹត ហៅកាត់ «ស.ស.ក» បានចេញសេចក្តីថ្លែងការណ៍ ថា៖ «តុលាការខេត្តកណ្តាលមិនអនុវត្តច្បាប់ស្តីពីរបបសារព័ត៌មាន» នោះទេ។

ការឃាត់ខ្លួនលោក រី រិទ្ធត្យា ចាងហ្វាងគេហទំព័រសារព័ត៌មាន GGTV បន្ទាប់ពីចាងហ្វាងរូបនេះធ្វើការចេញផ្សាយនៅខ្លឹមសារអត្ថបទព័ត៌មានមិនពិត ចោទប្រកាន់ទីតាំងមួយកន្លែងថាមានបង្កើតល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអនឡាញ ថែមទាំងសរសេរ រិះគន់ យ៉ាងខ្លាំងក្លា ទៅកាន់មន្ត្រីនគរបាលពាក់ព័ន្ធក្នុងមូលដ្ឋាន ក្រោមចំណងជើងថា «ល្បែងស៊ីសងមាន់ជល់តាមប្រព័ន្ធអនឡាញ និងឆ្នោតឡូតូ ជ្រកក្នុងហាងកាហ្វេមួយកន្លែងតាមបណ្តោយផ្លូវ២១០ ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល កំពុងបើកលេងយ៉ាងគគ្រឹកគគ្រេងសមត្ថកិច្ចដូចជាអធិការហាក់បីដូចជាធ្វើព្រងើយមិនបង្រ្កាប»។
អ្នកនាំពាក្យនគរបាលខេត្តកណ្តាល បានចេញសារបំភ្លឺឆ្លើយតបទៅនិងអត្ថបទគ្មានការពិត ដែលចេញផ្សាយដោយលោក រី រិទ្ធត្យា ចាងហ្វាងគេហទំព័រសារព័ត៌មាន GGTV (ពោលគឺ លោកចាងហ្វាងខាងលើរូបនេះយករូបភាពចាស់ៗមកកាត់ត ដើម្បីបំភ្លៃការពិតក្នុងចេតនាញុះញង់ឱ្យមានបទឧក្រិដ្ឋ)។
ក្រោយពីស៊ើបអង្កេតសួរនាំរួចមកសមត្ថកិច្ចក៏បានសម្រេចឃាត់ខ្លួនលោក រី រឹទ្ធត្យា ចាងហ្វាងគេហទំព័រសារព័ត៌មាន GGTV ពាក់ព័ន្ធទៅនឹងករណី «ញុះញង់ប្រព្រឹត្តបទឧក្រិដ្ឋជាអាថ៌» និងបានបញ្ជូនខ្លួនចាងហ្វាងរូបនេះទៅកាន់តុលាការដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។
ក្រោយពីចៅក្រមនៃតុលាការខេត្តកណ្តាល សម្រេចឃុំខ្លួនលោក រី រិទ្ធត្យា ទៅពន្ធនាគារ សមាគមសារព័ត៌មានសុក្រឹត ហៅកាត់ «ស.ស.ក» នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ បានចេញសេចក្តីថ្លែងការណ៍ ដោយសង្កត់ធ្ងន់ថា សាលាដំបូងខេត្តកណ្តាល ពុំបានអនុវត្ត តាមច្បាប់ពិសេស (ច្បាប់ស្តីពីរបបសារព័ត៌មាន)។
យោងមាត្រា១០ នៃច្បាប់ស្ដីពីរបបសារព័ត៌មាន បើអ្នកសារព័ត៌មានផ្សាយខុសត្រូវធ្វើការកែតម្រូវក្នុងរយៈពេល៧ថ្ងៃ និងយោងតាមមាត្រា២០ នៃច្បាប់ស្ដីពីរបបសារព័ត៌មាន អំពើប្រព្រឹត្តរបស់និយោជក និពន្ធនាយក ឬអ្នកនិពន្ធអត្ថបទ ដែលរំលោភច្បាប់ព្រហ្មទណ្ឌ ត្រូវទទួលទោសតាមច្បាប់ព្រហ្មទណ្ឌ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយក៏គ្មានជនណាម្នាក់ត្រូវចាប់ចង ឬជាប់ពន្ធនាគារ ដោយសារការបញ្ចេញមតិឡើយ។
សមាគមសារព័ត៌មានសុក្រឹត មួយនេះក៏បានសូមអំពាវនាវដល់ ឯកឧត្តម នេត ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន មេត្តាជួយអន្តរាគមន៍ករណីការឃុំខ្លួនលោក រី រិទ្ធត្យា ចាងហ្វាងគេហទំព័រសារព័ត៌មាន GGTV ដើម្បីឲ្យចាងហ្វាងរូបនេះបានរួចផុតពីការឃុំខ្លួន ឆាប់បានត្រឡប់មកផ្ទះជួបជុំគ្រួសារវិញ។
អ្នកសារព័ត៌មានក្នុងស្រុកជាច្រើន ក៏បានសម្តែងការសោកស្តាយហួសចិត្តយ៉ាងខ្លាំង ចំពោះការអនុវត្តច្បាប់របស់តុលាការខេត្តកណ្តាល ដែលបានសម្រេចឃុំខ្លួនលោក រី រិទ្ធត្យា ចាងហ្វាងគេហទំព័រសារព័ត៌មាន GGTV ព្រោះតុលាការមើលរំលងនិងមិនបានអនុវត្តច្បាប់ស្ដីពីរបបសារព័ត៌មាន ។ អ្នកសារព័ត៌មានបានស្នើសុំដល់ក្រសួងព័ត៌មាន មេត្តាពិនិត្យអន្តរាគមន៍ករណីខាងលើ ដើម្បីលើកកម្ពស់ច្បាប់ស្ដីពីរបបសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា ឲ្យមានប្រសិទ្ធភាពលើអ្នកសារព័ត៌មាន៕
Previous Post Next Post