ភ្នំពេញ÷ ជនសង្ស័យ២នាក់ ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ពីនារីម្នាក់បានសម្រេច យកទៅលក់បាន ៧០$ រួចរត់គេចខ្លួនទៅសង្ងំដេក បានជិត៥ម៉ោង ត្រូវកម្លាំងនគរបាលជំនាញខណ្ឌ សហការជាមួយប៉ុស្តិ៍ ចោមចៅទី១ ឃាត់ខ្លួនបាន ក្រោមការបញ្ជារពីលោក វរសេនីយ៍ឯក ម៉ម វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ។
នៅវេលាម៉ោង ៤និង៥០នាទីល្ងាច ថ្ងៃទី២៣ មីនា ២០២៣ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ សហការជាមួយកម្លាំងនគរបាលខណ្ឌជ្រោយចង្វារ បានបើកការស្រាវជ្រាវតាមជំនាញ និងឃាត់ខ្លួនបានជនសង្ស័យ៣នាក់ រួមទាំងនារី ជាសង្សារ៣នាក់ផងដែរ ដែលកំពុងស្នាក់នៅក្នុងបន្ទប់ខុនដូលេខ ១០០៤ ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។ជនសង្ស័យទាំងបីនាក់ និងវត្ថុតាងដែលឃាត់បានរួមមាន÷ ម៉ូតូមួយគ្រឿង ម៉ាក suzukiNext ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ. 1JW 3695 ជាមធ្យោបាយ និងជនសង្ស័យទី១ ឈ្មោះ ឃាម សុខ បញ្ញា ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅផ្ទះជួល ម្តុំសេះស សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ជាអ្នកឌុប) ។ទី ២ ឈ្មោះអ៊ុន លីរ៉ាវុធ ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះ ម្តម្តុំភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ (ជាអ្នកធ្វើសកម្មភាពឆក់ )។ទី៣ ឈ្មោះ វិរៈ ដារូ ភេទប្រុស អា១៦ ឆ្នាំ មុខរបរចុងភៅ ស្នាក់នៅភូមិស្ពានខ្ពស់ សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ (បក្សពួកក្នុងបន្ទប់)។សូមបញ្ជាក់ថា:ជនសង្ស័យ២នាក់ បានធ្វើសកម្មភាព ឆក់ទូរស័ព្ទដៃមួយគ្រឿងម៉ាក IPhone XS Max ពីនារីម្នាក់ កំពុងជិះម៉ូតូបណ្តើរ និយាយទូរស័ព្ទបណ្តើរ នៅផ្លូវចោមចៅ ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ១២ថ្ងៃត្រង់ ត្រូវនឹងថ្ងៃទី ២៣ មីនា ២០២៣ ។បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាងខាងលើ ត្រូវបានសមត្ថកិច្ចនាំយកទៅសាកសួរ និងចាត់ការបន្តទៅតាមនិតិវិធីច្បាប់ ៕





