ភ្នំពេញ ÷ដោយអនុវត្តតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ២០២៣ ដែលថ្លែងក្នុងឱកាសពិធីសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ ដោយបានណែនាំឲ្យគ្រប់អង្គភាព ត្រូវរឹតបន្តឹងចំពោះបញ្ហាគ្រឿងញៀន ក្នុងន័យនេះ ដើម្បីធានាប្រសិទ្ធភាព ការអនុវត្តការងាររបស់មន្ត្រីពន្ធនាគារ នៅតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី ខេត្ត ឲ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានការជឿទុកចិត្ត ពីមជ្ឈដ្ឋានទូទៅ អគ្គនាយកដ្ឋានពន្ធនាគារ បានសម្រេចដាក់ចេញនូវវិធានការធ្វើតេស្ត រកសារធាតុញៀនលើ មន្ត្រីពន្ធនាគារពន្ធនាគារជាទូទៅ និងជនជាប់ឃុំ ដែលមានការ សង្ស័យប្រើប្រាស់គ្រឿងញៀន ក្នុងក្របខណ្ឌ ទូទាំងប្រទេស បន្ទាប់ពីសេចក្ដីណែនាំនេះ ត្រូវបានដាក់ចេញ។ នេះបេីយោងតាមសេចក្តីណែនាំរបស់ អគ្គនាយកដ្ឋានពន្ធនាគារ នៅថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២៣។
អគ្គនាយកដ្ឋានពន្ធនាគារ បានបន្តថា សម្រាប់ការចុះប្រតិបត្តិការធ្វើតេស្តរកសារធាតុ ញៀនជាក់ស្ដែង នឹងដឹកនាំចុះអនុវត្តផ្ទាល់ ដោយអគ្គនាយកដ្ឋានពន្ធនាគារ សហការ ជាមួយមន្ត្រីពេទ្យពន្ធនាគារ គោលដៅនីមួយៗ ដោយមិនមានការជូនដំណឹងជាមុន។ក្នុងករណីរកឃើញថា មន្ត្រីពន្ធនាគារ មានចេតនាគេចវេស ក្នុងការមិនចូលរួមសហការ ធ្វើតេស្ដ ឬរកឃើញមានសារធាតុញៀន អគ្គនាយកដ្ឋានពន្ធនាគារ នឹងគោរពស្នើសុំ គោលការណ៍សម្រេចពីក្រសួង ដើម្បីអនុវត្តនូវវិធានការរដ្ឋបាលនានា និងវិធានការ ផ្លូវច្បាប់ ជាធរមាន៕





